កាលបរិច្ឆេទ: ០៩ ធ្នូ ២០២៤ / សុខភាព / Author : ATH Sokren
កាលពីថ្ងៃទី២ វិច្ឆិកាកន្លងទៅនេះ នៅភូមិ Courbevoie ប្រទេសបារាំង មានរៀបចំបុណ្យសាមគ្គីរបស់សមាគមប្រយុទ្ធប្រឆាំងនឹងជំងឺរបេង និងជំងឺឆ្លង ដែលហៅកាត់ថា ACTUME ដែលតែងតែត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំតាំងពីឆ្នាំ២០១១ មក។ ក្នុងឱកាសនោះដែរ មានការណែនាំបង្ហាញទៅដល់សមាជិកសមាគម ទៅដល់អ្នកស្ម័គ្រចិត្ត និងជនជាតិម៉ូរីតានីដែលរស់នៅប្រទេសបារាំងជាច្រើននាក់ នូវព័ត៌មានទាក់ទងនឹងសកម្មភាពរបស់សមាគម ពីគម្រោងដែលបានធ្វើកន្លងមក និងគម្រោងសម្រាប់ថ្ងៃអនាគត។
លោកចៅហ្វាយក្រុង Jacques Kossowski ដែលជាអធិបតីបុណ្យសាមគ្គីនេះ បានឱ្យជំទប់ទី១ របស់លោកគឺលោកស្រី Marie-Pierre Limoge និងលោកស្រី Catherine Morelle ទទួលបន្ទុកផ្នែកសកម្មភាពសមាគម ធ្វើជាតំណាងសម្រាប់រូបលោក។ ពិធីបុណ្យនេះដែរក៏ទទួលបានកិតិ្តយសយ៉ាងខ្ពង់ខ្ពស់ជាមួយនឹងវត្តមានតំណាងរបស់លោកអគ្គរដ្ឋទូត Mohamed Yahya Ouid Teiss គឺលោក Sid’Ahmed Amar Didi ទីប្រឹក្សាទី១ ស្ថានទូតម៉ូរីតានី និងលោក Sao Ousmane តំណាងគណៈប្រតិភូអង្គការយូណេស្កូប្រចាំនៅប្រទេសបារាំង។
ក្នុងចំណោមអ្នកដែលបានជួយជ្រោមជ្រែងសមាគមជាច្រើនរូប អ្នកស្រី Coumba Diallo នាយិកាផ្នែកនាំចេញផលិតផលឱសថរបស់សហគ្រាសប៉េប៉េអឹមនៅបណ្តាប្រទេសអាហ្រ្វិកនិយាយភាសាបារាំង ក៏បានចូលរួមក្នុងពិធីបុណ្យនោះផងដែរ និងបានឡើងថ្លែងទៅកាន់អ្នកចូលរួមទាំងអស់ ព្រោះថាសហគ្រាសផលិតឱសថប៉េប៉េអឹមគាំទ្រសមាគម ACTUME នៅប្រទេសម៉ូរីតានីតាំងពី១៤ ឆ្នាំមកម្ល៉េះ។
ជាក់ស្តែង កាលពីឆ្នាំ២០២២ សហគ្រាសផលិតឱសថប៉េប៉េអឹមបានឧបត្ថម្ភជាថវិកាដល់ឱសថស្ថានសហគមន៍ និងលើកកម្ពស់រុក្ខជាតិឱសថនៅឃុំ Tékane។
ឱសថស្ថានសហគមន៍នេះអាចជួយសម្រួលដល់ការផ្តល់សេវាព្យាបាលដល់ប្រជាពលរដ្ឋរហូតដល់១៧.០០០ នាក់ឯណោះ និងជាកន្លែងសម្រាប់ផ្តល់យោបល់ ផ្តល់ព័ត៌មាន និងជជែកពិភាក្សាជុំវិញបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋក្រីក្រ។ ម្យ៉ាងវិញទៀត វត្តមានរបស់ឱសថស្ថានសហគមន៍នឹងចូលរួមលើកកម្ពស់គុណភាពសេវាព្យាបាល តាមរយៈការតាមដានថ្នាំ (ព័ត៌មានទាក់ទងនឹងលេខសម្គាល់ថ្នាំសម្រាប់មួយប្រអប់ ឈ្មោះថ្នាំ ឈ្មោះក្រុមហ៊ុន លេខសម្គាល់ទូទៅសម្រាប់ផលិតផលថ្នាំដូចគ្នា និងថ្ងៃខែផុតកំណត់)និងយុទ្ធសាស្រ្តបង្ការនៅក្នុងសហគមន៍ Tékane ដែលស្ថិតនៅភាគនិរតីនៃប្រទេសម៉ូរីតានី និងនៅមិនឆ្ងាយប៉ុន្មានពីព្រំដែនប្រទេសសេណេហ្គាល់។
ដោយគិតទៅដល់ប្រពៃណីទំនៀមទម្លាប់តាំងពីដូនតាទាក់ទងនឹងការប្រើឱសថបុរាណ គម្រោងលើកតម្លៃរុក្ខជាតិឱសថក៏ត្រូវបានបង្កើតឡើងដើម្បីជួយបំពេញបន្ថែមលើថ្នាំពេទ្យ។ គម្រោងនេះត្រូវបានបញ្ចូលទៅក្នុងគម្រោងបង្កើតឱសថស្ថានសមាគមដែលមានកន្លែងដាំដើមឈើ មានកន្លែងសម្រាប់ប្រាស្រ័យទាក់ទងគ្នា កន្លែងសម្រាប់វគ្គបណ្តុះបណ្តាល មន្ទីរពិសោធន៍សម្រាប់ការងារស្រាវជ្រាវផ្នែកឱសថបុរាណ កន្លែងផ្ទុកវត្ថុធាតុដើម និងកន្លែងផលិត។
នៅឆ្នាំ២០២៥ ខាងមុខនេះ នឹងមានមណ្ឌលសុខភាពមួយទៀតមកបំពេញបន្ថែមលើឱសថស្ថានសមាគម។
នៅរវាងពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៨ សហគ្រាសផលិតឱសថប៉េប៉េអឹមនៅប្រទេសអាហ្រ្វិកនិយាយភាសាបារាំងបានជួយឧបត្ថម្ភដល់គម្រោងផ្តល់សេវាព្យាបាលចល័តដោយឥតគិតថ្លៃរបស់សមាគម ACTUME ដែលគម្រោងនេះបានជួយដល់អ្នកជំងឺរាប់ពាន់នាក់ទទួលបានសេវាកម្មពិគ្រោះជំងឺ និងថ្នាំពេទ្យដោយឥតគិតថ្លៃ។ ជាក់ស្តែងនៅឆ្នាំ២០១៧ សេវាព្យាបាលចល័តដោយឥតគិតថ្លៃនេះទទួលបានការចូលរួមពីសំណាក់អ្នកជំនាញផ្នែកសុខាភិបាលជាង៩០រូបក្នុងអំឡុងពេលចុងសប្តាហ៍ ហើយការពិគ្រោះជំងឺត្រូវបានធ្វើឡើងដោយពេទ្យជំនាញផ្សេងៗ(ដូចជាពេទ្យជំងឺទូទៅ ពេទ្យជំនាញមាត់ធ្មេញ ពេទ្យភ្នែក និងពេទ្យកុមារជាដើម) សម្រាប់អ្នកជំងឺក្រីក្រប្រមាណ៤៥០០នាក់៕